Friday, March 25, 2011
ឧបាយក្នុងការប្រើមនុស្ស
ឧបាយកលក្នុងការប្រើមនុស្ស
មានគុណប្រយោជន៍ដ៏មហាសាលបើអ្នកចេះប្រើមនុស្ស
ក្រុមហ៊ុនទាំងឡាយណាដែលចេះប្រើមនុស្សមានថ្វីដៃល្អរមែងតែចំរើនរុងរឿងតែបើគ្មានមនុស្សថ្វីដៃល្អទេនោះក៏អាចជួបនិងបញ្ហាបានដែរព្រោះថាធនធានមនុស្សមានសារៈសំខាន់ណាស់ចំពោះក្រុមហ៊ុនទាំងនោះ។
ជាទូទៅមានវិធីសងេ្កតបុគ្គលិក ៧ បែបគឺៈ
១-ការសាកល្បងសួររកកលឧបាយពីពួកគេដើម្បីសងេ្កតមើលថាតើគេមានចំណេះដឹងអ្វីមួយពិតប្រាកដយ៉ាងស៊ីជម្រៅ ដែររឺទេ?
២-សាកល្បងធ្វើការប្រឆាំងតបវិញ ធ្វើអោយគេកើតមានការលំបាកចិត្តមើលខ្លះ ដើម្បី សងេ្កតមើលថាតើគេមានសមត្ថភាពក្នុងការទប់ទល់ជាមួយនិងការប្រែប្រួលនោះដែររឺទេ?
៣-សាកល្បងប្រើខុសប្រើត្រូវដើម្បីសង្កេតមើលថាតើគេមានការតាំងក្តីប្រាថ្នាដ៏ជាក់លាក់ និងមានសកម្មខុសប្រកតីដែររឺទេ?
៤-សាកល្បងប្រាប់គេថាអាចមានគ្រោះថ្នាក់អាចមានបញ្ហាអ្វីមួយចំពោះរូបគេមិនខាន ដើម្បីសង្កេតមើលថាតើគេមានភាពតក់ស្លុតដែររឺទេ?
៥-សាកល្បងរកមធ្យោបាយធ្វើអោយគេស្រវឹងស្រាដើម្បីអាចសងេ្កតមើលថាតើគេមានសកម្មភាពបែបណា?
៦-សាកល្បងបញ្ឆោតដោយលុយរឺទ្រព្យអ្វីមួយក៏បានដើម្បីសងេ្កតមើលថាតើគេជាមនុស្សស្មោះត្រង់ដែររឺទេ?
៧-សាកល្បងប្រគល់ការងារអោយគេដោយកំណត់ពេលថាតើគេគោរពពាក្យសម្តីដែររឺទេ?
ប៉ុនែ្តទោះជាយើងផ្តោតលើការប្រើមនុស្សជាប្រចាំហើយក្តីក៏ពិតមែនតែបើសិនណាយើងពុំអាចបង្វឹកអោយមានមនុស្សផ្សេងអាចបន្តវេនបំពេញតួនាទីបានទេនោះក៏រាប់ថាជារឿងដែលគួរអោយសោកស្តាយយ៉ាងខ្លាំង ទាំងនេះអាចបណ្តាលមកពីមូលហេតុពីរប្រការគឺៈ
១-ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់ព្រោះតែខ្លាចអ្នកដ៏ទៃធ្វើការមិនពេញដៃពេញជើងដូចខ្លួនឯងទើបធ្វើអោយខ្លួនហូបមិនសូវបានសម្រានមិនសូវលក់ដោយវីវក់និងការងារខ្លាំង ពេក។ ការខំធ្វើអ្វី ៗ គ្រប់យ៉ាងដោយខ្លួនឯងរមែងអាចផ្តល់ផលមិនសូវល្អដល់ការប្រឈមនិងបញ្ហា និងជាការរារាំងមិនឲ្យអ្នកដ៏ទៃមានឱកាសស្វែងរកបទពិសោធន៍ដើម្បីបង្កើតប្រាជ្ញាស្តារតី និងអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកបន្តវេនផងដែរ។
២-គេមានអគតិក្នុងការជ្រើសរើសបណ្តុះបណ្តាលធនធានមនុស្ស ព្រោះគេយល់ថា “ទឹកនឹងថ្លាទាល់តែគ្មានត្រីមនុស្សល្អទាល់តែគ្មានមន្ទិល”។ហេតុនេះការប្រើមនុស្សរបស់គេ រមែងត្រួតពិនិត្យយ៉ាងល្អិតល្អន់ចំពោះបុគ្គលិកគ្រប់ ៗ គ្នា ដោយទាមទារជាមនុស្សល្អយ៉ាង ពេញលេញតែជួនកាលគេអាច“ចោលធំយកតូច”។ពោលគឺគេអាចមើលឃើញច្បាស់តែ ចំណុចខ្សោយតែមើលមិនឃើញពីចំណុចខ្លាំងរបស់អ្នកដ៏ទៃ។ទីបំផុតធ្វើឲ្យបុគ្គលិកដែលមានសមត្ថភាពមួយចំនួនពុំមានឱកាសបានបញេ្ចញនូវសមត្ថភាពរបស់ខ្លួនគេដែលមាន។ យ៉ាងណាក្តីជាទូទៅធនធានមនុស្សរមែងមានភាពសំខាន់ខ្លាំងណាស់ទាក់ទងនឹងភាពរុង រឿងនិងភាពដុនដាបរបស់ក្រុមហ៊ុនដូចនេះក្នុងការគ្រប់គ្រងជំនួញត្រូវតែមានមនុស្សបន្តវេន ម្យ៉ាងវិញទៀតការមានមនុស្សដែលមានសមត្ថភាពសមស្របមកធ្វើការឲ្យយើងគឺជា លក្ខណដ៏សំខាន់នៃភាពចំរើនរុងរឿងរបស់មុខជំនួញនោះក្នុងកំរិតមួយដ៏ខ្ពស់ផងដែរ។ការប្រឹងប្រែងធ្វើការជាការតស៊ូពុះពារដើម្បីមុខជំនួញតែការចាត់ការគ្រប់យ៉ាងដោយខ្លួនឯង អាចនិងធ្វើឲ្យមានការនឿយហត់រហូតដល់ហូបក៏មិនបានដេកក៏មិនលក់បណ្តាលឲ្យការ គិតធ្លាក់ចុះ។ក្នុងសភាពបែបនេះយើងគប្បីត្រូវពង្រឹងនូវសមត្ថភាពរបស់យើងក៏ដូចជាពឹង កំលាំងរបស់អ្នកដ៏ទៃដូចជាការចាត់តាំងប្រធានផែ្នករៀបចំប្រព័ន្ធការងារកំណត់ដាក់បទ បញ្ជារផ្ទៃក្នុងដើម្បីជំរុញអោយអាជីវកម្មអាចដំណើរការបានយ៉ាងរលូននិងអាចឈានទៅមុខ។ តាមការសិក្សាស្រាវជ្រាវបានអោយដឹងថាដែនកំណត់ក្នុងការបញ្ជាការងាររបស់ មនុស្សម្នាក់អាចបញ្ចាការងារទៅមនុស្ស៦នាក់បាន។តែក្នុងការគ្រប់គ្រងជំនួញត្រូវគ្រប់ គ្រងមនុស្សរហូតទៅដល់៦០នាក់រឺ៦០០នាក់រឺក៏ច្រើនជាងនេះបើបែបនេះកំលាំង មនុស្សម្នាក់ធ្វើម្តេចនិងទទួលបានទៅដូច្នេះហើយបើពឹងផ្អែកតែលើការប្រឹងប្រែងតែម្យ៉ាង ក៏ពុំអាចធ្វើបានដែរ។
វិធីសាស្រ្តសំខាន់ក្នុងការគ្រប់គ្រងនោះគឺចាំបាច់ត្រូវការអោយមានកម្លាំងដ៏ទៃមកជួយ
ហេតុនេះហើយការធ្វើកិច្ចការធំ ៗ រមែងតែមានជំនួយការច្រើននាក់ដើម្បីជួយបំពេញការ ងារនោះ។ ទន្ទឹមនិងការអភិវឌ្ឍសង្គមរមែងមានមុខជំនួញថ្មីៗកកើតមានឡើងជាប្រចាំមិនដាច់ផងដែរ ក្នុងស្ថានភាពបែបនេះក្រៅពីពឹងផ្អែកលើកំលាំងអ្នកដ៏ទៃហើយមានបញ្ហាចំបងមួយគឺខ្លួនអ្នកផ្ទាល់ មួយទៀតគឺក្នុងការរៀបចំសម្ព័នភាពរវាងខ្លួនអ្នកជាមួយនិងអាជីវកម្មរឺជាមួយនិងផ្នែកការងារដែលរូបអ្នកកំពុងតែគ្រប់គ្រងបានយ៉ាងដូចម្តេច? ទោះជាយ៉ាងណាក្តីការពឹងផ្អែកលើកំលាំងអ្នកដ៏ទៃរមែងមានការលំបាកស្រាប់ទៅហើយប៉ុន្តែជួនកាលអ្វីដែលកាន់តែលំបាកក្នុងពេលនោះគឺអ្នកគ្រប់គ្រងខ្លះបែរជាយល់ច្រឡំថាខ្លួនឯងគឺជាអ្នកជំនាញជាអ្នកឯកទេសតែពុំមែនជាអ្នកគ្រប់គ្រងអ្នកជំនាញពុំមែនជាអ្នកគ្រប់គ្រងអ្នកឯកទេស ទៅវិញ។ហេតុនេះគួរចងចាំថាបើអ្នកកាន់តែអាចធ្វើអោយអ្នកក្រោមបង្គាប់របស់អ្នក កាន់តែពូកែឡើងប៉ុណ្ណានោះគឺកាន់តែបង្ហាញអោយឃើញថាអ្នកគឺជាអ្នកគ្រប់គ្រងដ៏មាន សមត្ថភាពម្នាក់ហើយអ្នកក៏ពុំចាំបាច់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងរហូតដល់ហត់ នឿយខ្លាំងនោះឡើយ។
កុំយកចំណុចខ្សោយមកបិទបាំងចំណុចខ្លាំងរបស់បុគ្គលិក
ក្នុងការប្រើមនុស្សអ្នកគ្រប់គ្រងដែលមានការតាំងក្តីប្រាថ្នាយ៉ាងពិតប្រាកដច្រើនតែមានចិត្តទូលាយដោយពុំគិតនូវចំណុចខ្សោយរបស់អ្នកក្រោមបង្គាប់ ហើយយកតែចំណុចខ្លាំងមកពិចារណាម្យ៉ាងទៀតក្នុងការប្រើមនុស្សក្រៅពីចិត្តទូលាយហើយក៏មានចំណុចមួយទៀតគឺការចេះសង្កេតមើលឃើញនូវចំណុចល្អរបស់បុគ្គលិកទាំងនោះតែក៏ពុំគប្បីទាមទារអោយ ពួកគេមានអ្វីល្អៗពេញលេញគ្រប់យ៉ាងនោះទេហើយក៏មិនឃ្លាំចាំតែចាប់កំហុសគេជារៀង រហូតនោះដែរតែក៏មិនគួរបណ្តោយអោយបុគ្គលិកក្រោមបង្គាប់ប្រព្រឹត្តនូវចំណុចអាក្រក់រឺ ចំណុចខ្សោយរបស់ខ្លួនដ៏ដែលជាដ៏ដែលនោះដែរពោលគឺអ្នកគ្រប់គ្រងគប្បីចាត់ទុកចំណុចល្អរបស់បុគ្គលិកថាជាកត្តាចំបងនិងចំណុចខ្សោយជាកត្តាបន្ទាប់បន្សំ ប្រសិនបើយើងចង់អោយមនុស្សដែលយើងប្រើនោះគ្មានចំណុចខុសឆ្គងបន្តិចសោះនោះ លទ្ធផលគឺទទួលបានត្រឹមតែជាបុគ្គលិកដ៏សាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះពោលគឺគេពូកែគ្រប់យ៉ាងតែរកចំណុចល្អបំផុតម្យ៉ាងមិនបាន។ម្យ៉ាងវិញទៀតមនុស្សដែលមានសមត្ថភាពកាន់តែខ្ពស់រមែង មានជ្រោះកាន់តែជ្រៅជាធម្មតាទេ ពោលគឺពុំមានមនុស្សណាល្អពេញបរិបូរគ្រប់យ៉ាងនោះ ទេ។
បើអ្នកគ្រប់គ្រងជំនួញណាម្នាក់មើលឃើញតែចំណុចខ្សោយរបស់អ្នកដ៏ទៃហើយមិនមើល ពីចំណុចខ្លាំងរបស់អ្នកដ៏ទៃសោះនោះបុគ្គលជាអ្នកគ្រប់គ្រងនោះឯងទើបជាមនុស្សទន់ខ្សោយពិតប្រាកដផ្ទុយទៅវិញការដែលមានចិត្តទូលាយរបស់អ្នកគ្រប់គ្រងដែលស្រលាញ់ មនុស្សមានសមត្ថភាពព្រមទាំងមានភាពអត់ធ្មត់ជាមួយបុគ្គលិកដែលមានសមត្ថភាពមិន ធ្វើអោយបុគ្គលិកដែលមានកំហុសឆ្គងតែមានទឹកចិត្តក្លាហានហ៊ានពុះពារប្រឹងប្រែងធ្វើការ ងាររហូតដល់អាចពង្រឹងសមត្ថភាពរបស់ពួកគេបានទើបជាទីគួរអោយស្ងើចសរសើរនិង មានគុណតម្លៃយ៉ាងខ្ពស់ផង។
គោរពប្រាជ្ញាស្មារតីរបស់បុគ្គលិក
ជាធម្មតា មនុស្សណាដែលប្រើតែកំលាំងរបស់ខ្លួនឯងដើម្បីធ្វើការ ជាសុភាពជនថ្នាក់ទាប រីឯមនុស្សដែលអាចប្រើកំលាំងអ្នកដ៏ទៃបានជាសុភាពជនថ្នាក់កណ្តាលចំណែកឯមនុស្សដែលអាច ប្រើប្រាជ្ញាស្មារតីរបស់អ្នកដ៏ទៃបានគឺជាសុភាពជនថ្នាក់ខ្ពស់។ហេតុនេះក្នុងនាមជាអ្នកគ្រប់គ្រង គប្បីគួរហ្វឹកហាត់អោយចេះប្រើប្រាជ្ញាស្មារតីរបស់អ្នកដ៏ទៃអោយខាងតែបាន បើពុំដូចនោះទេជំនួញរបស់អ្នកនិងធ្លាក់ចុះក្នុងភាពបរាជ័យក្នុងពេលណាមួយពុំខានឡើយ។
អ្នកគ្រប់គ្រងខ្លះតែងតែបានប្រើការព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីទាមទារអោយបុគ្គលិកចូលធ្វើការនិងចេញពីធ្វើការតាមពេលវេលាដេលបានកំណត់ព្រមទាំងបំពេញតួនាទីរបស់ខ្លួនអោយបានរៀបរយល្អនិងការពារកុំអោយមានបញ្ហាកើតឡើង។ទាំងនេះជាអ្វី ដែលចាំបាច់បំផុតសំរាប់អ្នកគ្រប់គ្រង ប៉ុន្តែអ្វីដែលពោលខាងលើនេះពុំទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះផលិតផលត្រូវមានការអភិវឌ្ឍនិងនិងការកែលំអរម្តងហើយម្តងទៀតដើម្បី ទាក់ទាញអតិថិជនរឺដើម្បីធ្វើយ៉ាងណាអោយការចែកចាយលក់កាន់តែទទួលផលល្អហេតុនេះគឺការប្រមូលអស់នូវប្រាជ្ញាស្មារតីរបស់បុគ្គលិកអោយបានយ៉ាងទូលំទូលាយ។
“សត្វស្លាបដែលល្អរមែងចេះជ្រើសរើសទ្រនុំ ឯ មនុស្សដែលមានប្រាជ្ញាឈ្លាសវៃរមែងចេះ ជ្រើសរើសចៅហ្វាយនាយ”
អ្នកគ្រប់គ្រងក្នុងប្រទេសដែលរីកចំរើនហើយបានយល់ឃើញថាមានតែនាំយកប្រាជ្ញាស្មារតីរបស់មនុស្សមកប្រើទេទើបអាចសាងភោគទ្រព្យអោយបានច្រើនឡើងហេតុនេះអ្នកគ្រប់គ្រងដ៏ឆ្លាតវៃមិនគួរពេញចិត្តតែនិងរយៈពេលធ្វើការនិងភាពឧស្សាហ៍ព្យាយាមរបស់បុគ្គលិកតែប៉ុណ្ណោះទេប៉ុន្តែគប្បីទទួលបាននូវទឹកចិត្តនិងគំនិតផ្តួចផ្តើមរបស់បុគ្គលិកផងដែរ
ពិតណាស់អាជីវកម្មត្រូវការទទួលបាននូវអ្វីដែលច្រើនជាងការធ្វើការតាមធម្មតារបស់បុគ្គលិក ហើយក៏ត្រូវតែផ្តល់អោយនូវអ្វីដែលច្រើនជាងប្រាក់ខែដល់បុគ្គលិករបស់ខ្លួនវិញដែរមានដូចជាៈ មានកន្លែងអោយបុគ្គលិកស្នាក់នៅ មានប្រាក់រង្វាន់និងមានការនាំបុគ្គលិកទៅដើរកម្សាន្តជាដើម។
កម្លាំងធនធានមនុស្ស
អ្នកគ្រប់គ្រងពុំមែនគ្រាន់តែត្រូវយល់ដឹងពីដំណើរការផលិតនិងវិធីលក់តែប៉ុណ្ណោះទេគឺថែម ទាំងត្រូវមានខ្សែភ្នែកមុតក្នុងការមើលមនុស្សទៀតផង។ពោលគឺអ្នកគ្រប់គ្រងត្រូវតែចេះ ជ្រើសរើសបុគ្គលិកដែលសមស្របអោយទទួលខុសត្រូវការងារស៊ីសង្វាក់និងសមត្ថភាពរបស់ពួកគេបានព្រមទាំងអោយពួកគេម្នាក់ៗចេះសហការគ្នាធ្វើអោយការងារទាំងអស់ ទទួលបានជោគជ័យដូចជាគួរអោយមនុស្សដែលមានសមត្ថភាពក្នុងការទទួលភ្ញៀវដែល មានផ្ទៃមុខញញឹមស្រស់ស្រាយរស់រាយរាក់ទាក់មានការជឿជាក់លើខ្លួនឯងបំពេញតួនាទីផ្នែកលក់រឺផ្នែកផ្សព្វផ្សាយជាដើម។
ក្រៅពីនេះក្នុងក្រុមមនុស្សដែលជាអ្នកកំណត់នយោបាយគ្រប់គ្រងការងារគួរតែមានមនុស្សដែលមានចំណេះដឹងផ្សេង ៗ ពីគ្នាមានបុគ្គលិកលក្ខណៈមិនដូចគ្នានិងមានរបៀបរិះគិតពី បញ្ហាផ្សេង ៗដែលខុសប្លែកពីគ្នារឺក្រុមអ្នកឯកទេសដើម្បីអាចជួយបំពេញចំណុចខ្វះខាតដែលម្នាក់ៗ មាននិង ស្វែងរកចំណុចរួមក្នុងចំណុចផ្សេងៗគ្នាទាំងនោះផង។ ប៉ុន្តែបើសិនជាក្រុមប្រឹក្សាភិបាលដែល តែងតែធ្វើការសំរេចចិត្តដោយការយល់ឃើញរបស់មនុស្សតែ ម្នាក់រឺមួយមានតែនរណាម្នាក់ដែល បញ្ចេញការយល់ឃើញហើយអ្នកដ៏ទៃទៀតបានត្រឹមតែយល់ស្របតាមប៉ុណ្ណោះ នោះការកំណត់ នយោបាយនោះក៏អាចមានភាពខ្វះចន្លោះមិនគ្រប់ជ្រុងជ្រោយរឺជួបនិងកំហុសឆ្គងបានដោយងាយដែរ។
ប្រសិនបើក្រុមហ៊ុនណាមួយមានក្រុមគ្រប់គ្រងជំនួញដែលពេញលេញកែលំអខ្លួនឯងអោយទាន់ សម័យជានិច្ចនិងតែងលើកកម្ពស់ប្រសិទ្ឋិភាពរបស់ខ្លួនឯងជាប្រចាំនោះអាជីវកម្មនោះក៏ពោរពេញ ទៅដោយថាមពលជីវិតដែលមិនចេះរីងស្ងួតប៉ុន្តែបើសិនផ្ទុយពីនេះវិញនោះក៏អាចស្ថិតនៅបាន ត្រឹមតែជាការបណ្តោះអាសន្នរឺអាចស្ថិតនៅបានដោយមានរយៈពេលកំណត់ហើយទីបំផុតក៏មានតែ ការធ្លាក់ចុះជារឿយ
ឈ្នះ ៩ ប្រការ និង ចាញ់ ៩ ប្រការ
ឈ្នះ ៩ ប្រការ
១-មិនប្រកាន់ខ្លួនបើធ្វើកិច្ចការអ្វីមួយទោះបីជាអ្នកតូចឬបុគ្គលិកក្រោមបង្គាប់ជំទាស់ថាត្រូវឬ ថាខុស ហើយក៏យល់ស្របបើសិនជាសមហេតុសមផល។
២- មានទឹកចិត្តចេះជួយជ្រំជ្រែង រំលែកទុក្ខរបស់បណ្តាបុគ្គលិកទាំងឡាយ។
៣-ចិត្តស្មោះមានភាពយុត្តិធម៌ទោះជាសាច់ញាតិធ្វើខុសក៏តែងតែដាស់តឿនធ្វើការណែនាំ ដោយពុំកាន់ជើងអ្នកខុសឡើយ។
៤-និយាយស្តីអ្វីក៏ដាច់ខាត ស្វាហាប់ ជាក់លាក់ ជាហេតុធ្វើឲ្យមនុស្សទាំងពួងកើតមានការខ្លាចក្រែងយ៉ាងខ្លាំង។
៥-ពេលគិតការអ្វីហើយឃើញថាកិច្ចការនោះត្រឹមត្រូវល្អហើយក៏តាំងចិត្តប្រឹងប្រែងពុះពារធ្វើជម្នះ ឧបសគ្គទាំងពួងនិងព្យាយាមទាល់តែបានសំរេច។
៦- ស្រលាញ់បុគ្គលិកដោយសុទ្ធចិត្ត មិននឹកគិតដល់ការបោកប្រាស់គេឡើយ។
៧- ស្រលាញ់ចូលចិត្តទាំងមនុស្សនៅក្បែរខ្លួន ទាំងមនុស្សដែលនៅឆ្ងាយឬមិនសូវបាននៅ ក្បែរ។ បើបុគ្គលិកណាធ្វើល្អហើយនោះក៏រមែងស្រលាញ់ចូលចិត្តស្មើៗគ្នាទាំងអស់ដោយឥតលម្អៀងឡើយ
៨- គិតឲ្យបានច្បាស់លាស់រួចទើបធ្វើកិច្ចការនោះ។
៩-មានការស្វះស្វែងដើម្បីធ្វើការស្វែងយល់ជាប្រចាំអំពីអ្វីផ្សេង ៗ ដែលទាក់ទងជាមួយនិងកិច្ចការក្នុងការធ្វើជំនួញរបស់ខ្លួនព្រមទាំងអ្វីដែលកើតមានថ្មី ៗ ផងដែរ។
ចាញ់ ៩ ប្រការ
១- ប្រកាន់ឥស្សរិយយសពុំទទួលយកគំនិតរបស់អ្នកណាមកធ្វើការរិះគិតឡើយ។
២- និយាយមិនសុភាព។
៣- ធ្វើអ្វីមិនដាច់ខាត។
៤- យល់ដល់ញាតិ ឃ្លាតយុត្តិធម៌។
៥- គិតការអ្វី យកល្អធ្វើអាក្រក់ ឬ យកល្អធ្វើជាអាក្រក់ទៅវិញ។
៦- នៅនិងមុខនិយាយថាស្រលាញ់ ខាងក្រោយខ្នងនិយាយថាស្អប់។
៧- ស្រលាញ់ចូលចិត្តមនុស្សអែបអបស្របតាមហើយស្អប់មនុស្សដែលមិនចេះអែបអប។
៨- ពុំបានស្វែងយល់ពីការធ្វើជំនួញ បើនិងចំណេញឬខាតក៏មិនដឹងបែជាធ្វើបែបផ្សងព្រេង
៩- ធ្វើឲ្យមានកំហុសខុសឆ្គងផ្សេង ៗ ព្រោះចូលចិត្តស្តាប់មនុស្សអែបអបញុះញង់។
ច្រើនឧបាយតែគ្មានការសំរេចចិត្ត
ការដែលមានច្រើនឧបាយតែគ្មានការសំរេចចិត្តនោះច្រើនតែជាការសំដែងចេញរបស់មនុស្សដែលខ្វះការវិនិច្ឆ័យយ៉ាងដាច់ខាត។កង្វះការវិនិច្ឆ័យយ៉ាងដាច់ខាតនេះជាចំណុចខ្សោយរបស់អ្នកជំនួញនិងអ្នកកំណត់នយោបាយមួយចំនួន។ម្យ៉ាងវិញទៀតការមានច្រើនឧបាយតែគ្មានការសំរេចចិត្តជាកត្តាដេលនាំមកនូវភាពបរាជ័យ។ការមានទីប្រឹក្សាដែលជាអ្នកចូលរួមដាក់ផផែនការច្រើននាក់គឺជាលក្ខណចាំបាច់ដេលមានប្រយោជន៍បំផុត។ប៉ុន្តែជួនកាលក្នុងពេលកំណត់នយោបាយទីប្រឹក្សាម្នាក់ៗក៏បានបញ្ចេញការយល់ឃើញផ្សេងៗ របស់ខ្លួនតែរៀងៗខ្លួនហើយគេក៏សំរេចចិត្តមិនត្រូវគេពុំថាអ្វីល្អអ្វីអាក្រក់មិនដឹងថាគួរយកមួយណាគួរចោលមួយណាមានការរារែកចិត្តដ្បិតមានឧបាយច្រើនតែមិនហ៊ានសំរេចចិត្តគឺបានត្រឹមតែគិតហើយតែមិនបានសំរេចចិត្តធ្វើសោះ។កំហុសក្នុងការគ្រប់គ្រងដែលអាចកើតមានឡើងជួនកាលជាការមើលស្រាលធនធានមនុស្ស។បើសិនជាពុំអាចប្រើមនុស្សដែលល្អបានទេនោះក៏ត្រូវតែប្រើមនុស្សមិនសូវល្អ។មនុស្សដែលមិនស្តាប់សម្តីមិនយល់ស្របដោយសុទ្ធចិត្តក៏រមេងស្តាប់សម្តីលើកបញ្ជោរឬចាក់បណ្តោយអែបអបស្របតាមតែមាត់ក្រៅដើម្បីឲ្យបានប្រយោជន៍ផ្ទាល់ខ្លួនតែចិត្តមិនស្មោះត្រង់។
កាលបើមានច្រើនឧបាយតែគ្មានការសំរេចចិត្តក៏អាចបើកឱកាសឲ្យគូរប្រជែងបង្ករនូវភាពច្របូកច្របល់អាចញុំាងឲ្យប្រាសចាកពីភាពចំរើនរុងរឿងហើយឆ្ពោះទៅកាន់ហាយនៈម្តងមួយជំហ៊ានៗបាន។ហេតុនេះអ្នកគ្រប់គ្រងគួរតែចាប់អារម្មណ៍ឲ្យមែនទែន។អ្នកគ្រប់គ្រងអាចទទួលបានជ័យជំនះជាបន្តបន្ទាប់ជាប់ជាប្រចាំឬយ៉ាងណានោះពុំអាស្រ័យលើគេមានភាពក្លាហានជាងអ្នកដ៏ទៃឬមានល្បិចខ្ពស់នោះទេ។តែគន្លឹះសំខាន់ស្ថិតនៅលើថាគេអាចប្រមូលបាននូវល្បិចល្អៗនិងជ្រើសរើសយកតែឧបាយដែលល្អបំផុតយកទៅប្រើបានឬមិនបានទៅវិញទេ។
ឧបាយកម្ចាយប្រាប់ការណ៍បិត ប៉ុន្តែគំនិតស្រួចស្រាល់ជាង បើមានប្រាជ្ញាក្លាវៃវាង ច្រើនតែមិនឃ្វាងចាកប្រយោជន៍។
ការមានទីប្រឹក្សារមែងជាការល្អយ៉ាងពិតប្រាកដតែបើសិនអ្នកកំណត់នយោបាយខ្ពស់បំផុត”ជាមនុស្សប្រភេទច្រើនឧបាយតែគ្មានការសំរេចចិត្ត”ជាញឹកញយហើយមើលស្រាលបុគ្គលិកនិងលង់ជឿពាក្យបញ្ជោរក៏រមែងបាត់បង់ឱកាសបានផងដែរ។
ក្នុងការគ្រប់គ្រងមនុស្សគប្បីបដិបត្តិយ៉ាងស្មើគ្នា
ការប្រើប្រាជ្ញាស្មារតីការបដិបត្តិនិងគំនិតរសបស់ខ្លួនដើម្បីយកឈ្នះចិត្តភាគីម្ខាងទៀតដោយមិនប្រើកំលាំងបាយដើម្បីយកឈ្នះនោះគឺជាភាពជោគជ័យដ៏ប្រសើរមួយ។ការផ្តល់ឱកាសឲ្យបុគ្គលិកផ្នែកផ្សេងៗបានបញ្ចេញសមត្ថភាពក្នុងការបំរើអាជីវកម្មរបស់យើងយ៉ាងពេញទំហឹងគឺជាតួនាទីដ៏សំខាន់របស់អ្នកគ្រប់គ្រងជំនួញនិងជាធានាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។មូលហេតុសំខាន់ដែលធ្វើឲ្យក្រុមហ៊ុនមួយនោះរីកចំរើនគឺស្ថិតលើតុដែលគេប្រើនៅកន្លែងសម្រាប់ប្រជុំជាតុមូលដូចនេះបុគ្គលិកដែលចូលរួមប្រជុំទោះបីជាអង្គុយនៅជ្រុងណាក៏ដោយក៏ពុំមានបែងចែកតំណែងខ្ពស់ទាបនោះទេ ធ្វើឲ្យបុគ្គលិកដែលចូលរួមប្រជុំពុំមានការព្រួយបារម្ភពីតំណែងងរបស់ខ្លួនហើយហ៊ានបញ្ចេញការយល់ឃើញបានយ៉ាងពេញទំហឹងអ្នកគ្រប់ជំនួញដែលយកចិត្តទុកដាក់និងរឿងតូចតាច ផ្តល់កិត្តិយសដល់អ្នកមានប្រាជ្ញាវាងវៃនិងបដិបត្តិចំពោះគេដោយស្មើភាពអាចទទួលផលតបស្នងលើសពីការប៉ាន់ស្មានទុកទៅទៀត។យុទ្ធសាស្រ្តការវាយប្រហារដោយចិត្តគឺមានតំលៃក្នុងការប្រើយ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងអាជីវកម្មណាស់ហើយគោលបំណងក៏ពុំមានអ្វីក្រៅពីធ្វើឲ្យភាគីម្ខាងទៀតចុះញ៉មដោយចិត្តដើម្បីនឹងជុំរុញឲ្យការគ្រប់គ្រងអាជីវកម្មនិងប្រព្រឹត្តទៅបានយ៉ាងមានប្រសិទ្ធិភាព។
ប្រកាន់យកពាក្យសម្តីជាសំខាន់
ក្នុងការធ្វើជំនួញអ្នកគ្រប់គ្រងគួរគោរពពាក្យសម្តីរបស់ខ្លួនដើម្បីឲ្យអ្នកដ៏ទៃមានទំនុកចិត្តនិងជឿជាក់។គឺមានន័យថាគួរតែបដិបត្តិចំពោះអ្នកដ៏ទៃដោយភាពសុទ្ធចិត្តស្មោះត្រង់ព្រោះថាភាពសុទ្ធចិត្តភាពស្មោះត្រង់ ជាគុណធម៌ដែលអ្នកគ្រប់គ្រងអាជីវកម្មគួរមាន។
អ្វីមួយដែលអាចបំផ្លាញកិត្តិនាមរបស់អ្នកគ្រប់គ្រងបានអាយបំផុតនោះគឺត្រូវបានគេមើលឃើញថា ធ្លាប់បានធ្វើការបោកប្រាស់
ការគោរពពាក្យសម្តីគឺជាគុណធម៌ដ៏ស្រស់ស្អាតរបស់អ្នកគ្រប់គ្រងអាជីវកម្មហើយច្រើនតែប្រែក្លាយជាការមានប្រៀបនៅក្នុងការគ្រប់គ្រងអាជីវកម្មបានផងដែរ។ប៉ុន្តែក្នុងការគ្រប់គ្រងអាជីវកម្ម មនុស្សភាគច្រើនច្រើនតែយកចិត្តទុកដាក់លើកេរ្តិ៍ឈ្មោះរបស់ផលិតផលហើយច្រើនតែមើលរំលងកេរ្តិ៍ឈ្មោះរបស់អ្នកគ្រប់គ្រងទៅវិញ។ការណ៍ដែលយើងផ្តោតលើកេរ្តិ៍ ឈ្មោះរបស់អ្នកគ្រប់គ្រងក្នុងទីនេះក៏នៅតែផ្តោតលើកេរ្តិ៍ឈ្មោះរបស់ផលិតផលផងដែរព្រោះថា កេរ្តិ៍ឈ្មោះរបស់ផលិតផលតែងអាចទាក់ទាញចិត្តអតិថិជនបានច្រើនទើបមានក្រុមហ៊ុនជាច្រើនតែងតែខំរក្សាកេរ្តិ៍ឈ្មោះរបស់ផលិតផលរបស់ខ្លួនជានិច្ច។
ស្វែងរកបទបញ្ជាពិត
ក្នុងការធ្វើអាជីវកម្មរមែងផ្តោតលើការបង្កើតប្រព័ន្ធបង្កើតរបៀបរបស់ខ្លួនឲ្យបានសំបូរបែបនិងផ្តោតលើការគោរពវិន័យទើបធ្វើឲ្យការគ្រប់គ្រងអាជីវកម្មដ៏ស្មុគស្មាញមានអ្វីដេលគ្រាន់ជាសំអាងមានបទបញ្ជាផ្ទៃក្នុងសំរាប់ប្រត្តិបត្តិតាមដែលជាការធានាឲ្យមានភាពតឹងរឹងឲ្យមាននិរន្តរភាពនិងមានប្រសិទ្ធភាពក្នុងកិច្ចការងារគ្រប់គ្រងអាជីវកម្មនោះ។ប្រសិនបើពុំសូវមានការគោរពបទបញ្ជានោះទេវិន័យធូររលុងឬមិនមានវិន័យនោះអាជីវកម្មនិងមិនរីកចំរើនឡើយ។ ទោះចាយ៉ាងណាក្តីកាលបើពេលវេលាប្រែប្រួលទៅហើយសក្តានុពល ក៏ប្រែប្រួលកាលបើសក្តានុពលប្រែប្រួលស្ថានការណ៍ប្រែប្រួលកាលបើភាពប្រែប្រួល បទបញ្ជាក៏ត្រូវតែប្រែប្រួលតាមនោះដែរ។ហេតុនេះក្នុងការកំណត់បទបញ្ជាផ្ទៃក្នុងនៃផ្នែកការងាររបស់ខ្លួនគួរចាប់ផ្តើមពីស្ថានភាពពិត គួរតែតឹងរឹងឬគួរតែបន្ធូរបន្ថយតាមស្ថានភាពជាក់ស្តែងនោះតែម្តង។
លំដាប់នៃការកំណត់នយោបាយ
ការគ្រប់គ្រងអាចជាការកំណត់នយោបាយហើយជាទូទៅដំណើរដំណើរការក្នុងការកំណត់នយោបាយមានដូចជាៈ
១- បង្ហាញបញ្ហានិងភារកិច្ច
២- ដាក់កំណត់បែបផែនសំរាប់ប្រកាន់យកធ្វើជាទិសដៅអនុវត្ត។
៣-ប្រមូលពត៌មាន ទិន្នន័យ និង ចាត់របៀបបណ្តាពត៌មានទិន្នន័យដែលបានពិនិត្យ ភស្តុតាងហើយថាជាពត៌មានដែលអាចជឿជាក់បានជាមូលដ្ឋាន។
៤-វាយតំលៃនិងគណនាដោយមានគោលបំណងជាក់លាក់មួយដែលប្រទាក់គ្នារវាងពត៌មានដែលគួរឲ្យជឿជាក់បាននោះនិងភារកិច្ចដែលបានកំណត់ទុករួចហើយ។
៥-បញ្ចេញការយល់ឃើញពីការកំណត់នយោបាយហើយធ្វើឲ្យការកំណត់នយោបាយនោះឆ្ពោះទៅកាន់ការអនុវត្តជាក់ស្តែង។
ក្នុងការធ្វើជំនួញការកំណត់នយោបាយដែលល្អវាពុំមែនមានន័យថាត្រូវទទួលផលតបស្នងដែលល្អនោះទេតែនៅលើការអនុវត្តទេតើ។បើសិនណាការអនុវត្តមិនស៊ីសង្វាក់គ្នាជាមួយនយោបាយដែលល្អទេ នោះលទ្ធផលដែលទទួលបានក៏មុខជាមានបញ្ហាដោយជៀសវាងមិនរួច។
កែលំអខ្លួនឲ្យស្របតាមស្ថានភាព
ការកែលំអខ្លួនឲ្យស្របតាមស្ថានភាពជាការសម្របខ្លួនឲ្យស៊ីសង្វាក់ជាមួយនិងការប្រែប្រួលណាមួយដោយធ្វើការសំរេចចិត្តធ្វើការកែលំអខ្លួននិងមានប្រត្តិកម្មយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់ដែលអាចនិងកើតមានឡើងដោយចៃដន្យភ្លាម ៗ និងចំពោះស្ថានភាពដែលកើតឡើងខុសពីការប៉ាន់ស្មានទុកសំរាប់ការប្រែប្រួលទិសដៅនៃការធ្វើចលនាពីមុននិងគម្រោងការណ៍ដែលបានកំណត់រួចហើយក្នុងរយៈពេលដ៏ខ្លីនោះជាអ្វីដែលធ្វើដោយលំបាកណាស់ក្នុងស្ថានភាពដែលចាំបាច់ចំពោះមុខតែត្រូវហ៊ានពុះពារធ្វើដោយពុំអាចជៀសវាងបានឡើយ។បើសិនជាអ្នកអាចតាំងជំហរបានដោយពុំតក់ស្លុតសម្របខ្លួនតាមហេតុការណ៍ហើយកំណត់ទិសដៅអនុវត្តសារជាថ្មីបាននោះ ក៏អាចប្រែក្រឡាស់ផ្លាស់ពីអាក្រក់មកជាល្អ ប្រែប្រួលគ្រោះថ្នាក់មកជាសុវត្ថភាព។ទីបំផុតក៏អាចសម្របខ្លួនឲ្យបានសមស្របជាមួយការប្រែប្រួលនោះបាន។ក្នុងការធ្វើជំនួញបើអាចធ្វើការប៉ាន់ស្មានហេតុការណ៍ទុកជាមុនមិនបាបទេក៏និងបរាជ័យ។ ក្នុងការគ្រប់គ្រងជំនួញអ្នកត្រូវថ្នឹកក្នុងការចាប់ផ្តើមពីការពិត ការចេះប្រើគំនិតការសិក្សាទីផ្សារការវិភាគស្ថានភាពការពិចារណារិះគិតគ្រប់ពេលវេលាទើបអាចមានភាពរហ័សរហួនក្នុងការព្យាករណ៍ហេតុការណ៍ទុកជាមុននិងទទួលបានប្រយោជន៍ពីឱកាសដែលចេះចាប់យកបានមុនអ្នកដ៏ទៃ។
អ្វីដែលអ្នកគ្រប់គ្រងគួរមាន
ពេលដែលបានរិះគិតរួចហើយឃើញថាមានគោលការណ៍តែមួយប៉ុណ្ណោះដែលអាចទទួលបានផលជានិច្ចនោះគឺ“ចូរធ្វើចំពោះអ្នកដ៏ទៃឲ្យដូចគ្នានិងអ្វីដែលអ្នកត្រូវការឲ្យគេធ្វើចំពោះអ្នក”។ វាជាអ្វីដែលបង្កប់នៅក្នុងចិត្តយើងគ្រប់គ្នាតាំងតែពីតូចមកម្ល៉េះតែសំណាងអាក្រក់ដែលយើងមិនប៉ុន្មានអ្នកនោះទេដែលបានធ្វើដូចដែលយើងបាននិយាយ។ហេតុផលដ៏សំខាន់មួយស្ថិតត្រង់ថាមានយើងមិនប៉ុន្មានអ្នកនោះទេដែលធ្លាប់បានងាកមកមើលនិងវិភាគមើលថាតើរូបយើងចង់ឲ្យអ្នកដ៏ទៃគ្រប់គ្រងយើងតាមដូចម្តេចដែរនោះ?ម៉្យាងទៀតទោះជាយើងអាចនិងធ្វើរបាយការណ៍អំពីសកម្មភាពក្នុងការគ្រប់គ្រងដែលជាសេចក្តីត្រូវការពិតមែនក្តីក៏អាចនៅមានគម្លាតរវាងអ្វីដែលយើងត្រូវការពីចៅហ្វាយនាយរបស់យើងនិងវិធីដែលយើងបានធ្វើក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ក៏មានគម្លាតឆ្ងាយណាស់ដែរ។ខ្ញុំពុំដែលបញ្ឆោតខ្លួនឯងឲ្យគិតថាខ្ញុំអាចធ្វើតាមគំនិតដែលថា“ចូរធ្វើចំពោះអ្នកដ៏ទៃឲ្យដូចគ្នានិងអ្វីដែលអ្នកត្រូវការឲ្យគេធ្វើចំពោះអ្នក” គ្រប់ពេលជានិច្ចមួយរយភាគរយនោះទេត្បិតយើងមិនមែនជាព្រះទេ មនុស្សយើងមិនសំម្បូរបែបនោះទេ។តែបើសិនជាអ្នកកំពុងតែសម្លឹងរកឧបកណ៍សំរាប់វាស់ ដើម្បីបង្ហាញឲ្យឃើញថាតើអ្នកបានបំពេញតួនាទីជាអ្នកគ្រប់គ្រងបែបណានោះការគណនារកគម្លាតរវាងវិធីដែលអ្នកត្រូវការឲ្យគេធ្វើចំពោះអ្នកនិងវិធីដែលអ្នកគ្រប់គ្រងអ្នកដ៏ទៃវាមានចំណុចចាប់ផ្តើមដែល ល្អបំផុត។
មុននិងអ្នកអាចដឹងបានថា អ្នកត្រូវធ្វើអ្វីចំពោះដ៏ទៃបែបណានោះ
អ្នកត្រូវដឹងថា អ្នកចង់ឲ្យគេធ្វើបែបណាចំពោះអ្នកជាមុនសិន
ខាងក្រោមនេះជាលក្ខណ្ឌដែលអ្នកគ្រប់គ្រងគួរមានៈ
១.ត្រូវស្មើចុងស្មើដើម
ចៅហ្វាយនាយត្រូវតែឲ្យកូនចៅគេមានភាពស្មើចុងស្មើដើមនិងអាចទុកចិត្ត។ពេលណាដែលគេប្រើការងារអ្វីគេត្រូវតែប្រាកដក្នុងចិត្តថាមុខជាទទួលបានលទ្ធផលគឺពុំមែនត្រូវអ្នកក្រោមបង្គាប់បំភ្លេចចោលឲ្យធ្វើលំៗលេងៗនោះទេ។អ្វីទាំងនោះគឺជាឫសគល់និងជាក្តីសង្ឃឹមនៃអ្នកគ្រប់គ្រង។តែស្របពេលនោះអ្នកក្រោមបង្គាប់ក៏ចង់ឲ្យចៅហ្វាយននាយរបស់គេមានភាពស្មើចុងស្មើដើមនិងអាចជឿជាក់បានដែរ។
២.ឲ្យផែនការដែលច្បាស់លាស់ដល់អ្នកក្រោមបង្គាប់
អ្នកគ្រប់គ្រងខ្លះរមែងព្យាយាមសាងនូវភាពគួរឲ្យកោតខ្លាចនិងភាពគួរឲ្យគោរពដោយការធ្វើអ្វីបែបមិនច្បាស់លាស់ឬក៏មានអាថ៌កំបាំងទុកឲ្យអ្នកក្រោមបង្គាប់ត្រូវខំប្រឹងប្រែងស្វែងយល់ដោយខ្លួនឯង។ទង្វើបែបនេះអាចបានផលក្នុងស្ថានកការណ៍ដែលត្រូវការដោះស្រាយបញ្ហាដែលក្នុងពេលនោះអ្នកត្រូវការសាងសាងអ្នកគិតដែលមានឥស្សរភាព។ប៉ុន្តែបើសិនជាការដាក់ផែនការទូទៅឲ្យគេធ្វើវិញនោះការធ្វើបែបនេះរមែហនាំមកនូវភាពស្មុកស្មាញយ៉ាងពិតប្រាកដដល់អ្នកក្រោមបង្គាប់។ពោលគឺកូនចៅនិងមិនអាចបំពេញបានតាមនូវអ្វីដែលមិនច្បាស់លាស់ទាក់ទងទៅនិងអ្វីដែលគេសង្ឃឹមថាចៅហ្វាយឲ្យគេធ្វើនោះទេ។ប៉ុន្តែចៅហ្វាយដែលពុំគ្រាន់តែប្រាប់ឲ្យច្បាស់លាស់តែម្តងថាខ្លួនត្រូវការចង់ឲ្យកូនចៅធ្វើអ្វីមួយប៉ុណ្ណោះទេតែថែមទាំងធ្វើឲ្យអ្នកក្រោមបង្គាប់របស់ខ្លួនមានអារម្មណ៍ថារូបគេអាចនិងទទួលបានផលប្រយោជន៍អ្វីមួយជាក់ជាមិនខានឡើយបើសិនណាអ្នកនោះអាចធ្វើបានសំរេចពិតមែនដូចជាត្រូវបានឡើងប្រាក់ខែត្រូវបានរង្វាន់លើកទឹកចិត្តត្រូបានឡើងតំណែងឬអាចអនុញ្ញាតឲ្យឈប់សំរាកមួយសប្តាហ៍បើអ្នកអាចធ្វើបានជាការប្រសើណាស់។
៣.ធ្វើឲ្យអ្នកក្រោមបង្គាប់បានដឹងពីអនាគតក្នុងរយៈពេលដ៏ខ្លីយ៉ាងមានហេតុផល
ជាទូទៅអ្នកក្រោមបង្គាប់រមែងមិនចង់ឲ្យចៅហ្វាយឬអ្នកគ្រប់គ្រងប្រាប់គេថាដប់ឆ្នាំខាងមុខកូនចៅនោះនិងទៅជាយ៉ាងណាបើសិនជាកូនចៅនោះធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកគ្រប់គ្រងបញ្ជាឲ្យធ្វើបានសំរេចគ្រប់យ៉ាង។ក្នុងរយៈពេលដប់ឆ្នាំរមែងមានអ្វីៗកើតឡើងជាច្រើនណាស់ដែរ តែអ្នកក្រោមបង្គាប់តែងសង្ឃឹមថាអ្នកគ្រប់គ្រងឬចៅហ្វាយនាយដែលមានអំណាចក្នុងដៃគួរតែដឹងថាខ្លួនមានអ្វីទុកឲ្យកូនចៅនៅឆ្នាំខាងមុខនេះឬពីបីឆ្នាំខាងក្រោយនេះព្រោះជាធម្មតាកូនចៅមិនសូវបានសម្លឹងមើលទៅអនាគតដ៏សែនឆ្ងាយនោះប៉ុន្មានទេ។
៤.ផ្តល់សិទ្ធឲ្យ តែមិនលែងដៃចោលទេ
ជាទូទៅអ្នកគ្រប់គ្រងច្រើនតែស្ថិតនៅលើប្រភេទដែលខុសប្លែកគ្នា។គឺមានមួយប្រភេទជាពួកដែលឆ្កួតនិងអំណាចហើយគេតែងតែចង្អុលទៅសកម្មភាពគ្របយ៉ាងរបស់អ្នកក្រោមបង្គាប់ មិនថាជាពេលវេលារហូតដល់ការស្លៀកពាក់ផងវិធីសាស្រ្តដ៏សែនកំប៉ិកកំប៉ុកបែបនេះជួនកាលអាចប្រើបានផលល្អខ្លះដែរ។ចំណែកមួយប្រភេទទៀតជាប្រភេទអ្នកដែលចូលចិត្តបែបសប្បាយៗគឺគ្រាន់តែជាអ្នកឃ្លាំមើលស្នាដៃតែប៉ុណ្ណោះហើយក៏មិនសួរអ្វីសោះដ៏រាបណានៅតែទទួលបានលទ្ធផលការងារ ដូចដែលបានដាក់ផែនការកំណត់រួចហើយនោះ។ ពោលគឺគេផ្តល់ឱកាសឲ្យកូនចៅដកដង្ហើមយ៉ាងពេញទំហឹងដើម្បីធ្វើការឲ្យបានសំរេច។ កូនចៅចូលចិត្តចៅហ្វាយដែលទុកកន្លែងឲ្យគេដកដង្ហើមពិតមែនតែត្រូវធ្វើដោយមានការគណនាយ៉ាងល្អរួចហើយពុំមែនចេះតែបណ្តែតបណ្តោយបែបមិនយកចិត្តទុកដាក់ឬពុំជួយគិតអ្វីទាល់តែសោះនោះទេ។
៥.កុំឲ្យកូនចៅស្មានដោយខ្លួនឯងថាពេលណាចៅហ្វាយមិនពេញចិត្ត
ជាធម្មតាអ្នកក្រោមបង្គាប់រមែងចង់ដឹងភ្លាមៗថាពេលណាដែលអ្នកគ្រប់គ្រងឬចៅហ្វាយមិនពេញចិត្តគេ និងមូលហេតុអ្វីបានជាចៅហ្វាយមិនពេញចិត្ត ហើយក៏ចង់ឲ្យចៅហ្វាយប្រាប់ត្រង់ ៗ តែម្តង តែពុំចាបាច់ទុកឲ្យកូនចៅប្រឹងប្រែងស្វែងយល់ដោយខ្លួនឯងនោះទេ។ប៉ុន្តែសំណាងមិនល្អ នៅមានចៅហ្វាយនាយនិងអ្នកគ្រប់គ្រងខ្លះតែងមានបញ្ហាក្នុងការសំដែងការមិនចិត្តដោយការលាក់ទុកក្នុងចិត្តមិនបញ្ចេញមកខាងក្រៅឡើយ ហើយក៏សង្ឃឹមថាទុកឲ្យវារលាយបាត់ដោយខ្លួនឯងទៅវិញឬគ្រាន់តែមានការប្រែប្រួល សកម្មភាពរបស់ខ្លួនបន្តិចបន្តួចដោយជឿថាអ្នកក្រោមបង្គាប់មុខជាអាចមើល និងយល់ចិត្តរបស់ចៅហ្វាយនាយដោយខ្លួនឯង ប៉ុន្តែវិធីនេះប្រើហើយពុំសូវជាទទួលផលល្អប៉ុន្មាន នោះទេ។ម្យ៉ាងទៀតដ៏រាបណាការមិនពេញចិត្តពុំត្រូវបានបញ្ចេញមកក្រៅទេនោះ វាក៏កកើតកាន់តែច្រើនទៅៗនិងកាន់តែធ្ងន់ធ្ងរទៅតែប៉ុណ្ណោះ។ អ្នកក្រោមបង្គាប់ខ្លះរមែងចង់ឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនប្រាប់យ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានអំពីអ្វីដែលចៅហ្វាយមិនចិត្តព្រោះគេមិនចង់ធ្វើអ្វីដែលខ្លួនបានធ្វើខុសម្តងហើយម្តងទៀតដោយពុំបានកែលំអទាល់តែសោះ។
៦.ធ្វើឲ្យកូនចៅមានអារម្មណ៍ថាពួកគេជាម្ចាស់
ថ្វីបើពុំមែនគ្រប់ ៗ គ្នាអាចធ្វើជាម្ចាស់បាននោះទេព្រោះអាជីវកម្មខ្លះពុំតំរូវឲ្យមានភាគហ៊ុនក៏ពិតមែន ប៉ុន្តែអ្នកគ្រប់គ្រងត្រូវតែចេះធ្វើឲ្យអ្នកក្រោមបង្គាប់មានអារម្មណ៍ថាគេជាម្ចាស់ម្នាក់ដែរទោះជាតាមពិតពុំមែនសោះក៏ដោយ។អ្នកគ្រប់គ្រងអាចមានមធ្យោបាយដ៏ងាយៗក្នុងរឿងនេះគឺពេលដែលអ្វីៗកំពុងតែរលូនល្អហើយគេដ៏ផ្តល់រង្វាន់ដល់កូនចៅរបស់គេដោយការចែករំលែកផលនៃជោគជ័យនោះដល់កូនចៅក្នុងពេលដែលគេអាចធ្វើបាន។
គួរធ្វើអ្វីដែលត្រូវសម្រាប់ខ្លួនឯង
តាមបទពិសោធន៍ដែលកន្លងមកអ្នកគ្រប់គ្រងមានអ្វីដែលត្រូវបារម្ភទាក់ទងនិងតួនាការទទួលរបស់ខ្លួនមានបីចំណុចសំខាន់គឺៈមនុស្សដែលនៅធ្វើការជាមួយនិងខ្លួន…ស្នាដៃរបស់មនុស្សទាំងនោះ…ទឹកប្រាក់ដែលហូរចេញនិងចូល…តែអ្នកអាចនិងបន្ថែមកត្តាទីបួនទៀតក៏បាននោះគឺភាពរីកចំរើនរបស់អាជីវកម្ម។ប៉ុន្តែដរាបណាលុយដែលហូរចូលច្រើនជាងលុយដែលហូរចេញនោះអ្នកក៏ពុំចាំបាច់កង្វល់ពីការរីកចំរើននោះក៏បាន។ប៉ុន្តែឥឡូវនេះអ្វីៗពុំមែនងាយៗបែបនោះទៀតទេអ្នកគ្រប់គ្រងចាំបាច់ត្រូវទទួលការគាំទ្រពីទ្រឹស្តីរបស់អ្នកចិត្តវិទ្យាឧស្សាហកម្ម(Industrial Phychologist)ត្រូវការជំនួយរបស់អ្នកជំនាញខាងធនធាន មនុស្សនិងក៏ត្រូវការអ្នកជំនាញខាងច្បាប់ឬមេធាវីផងដែរ។ប្រសិនណាបើអ្នកពុំអាចចេះអ្វីគ្រប់យ៉ាងដើម្បីគ្រប់គ្នាបានទេយ៉ាងហោចណាស់អ្នកចាំបាច់ត្រូវធ្វើអ្វីដែលត្រូវសំរាប់ខ្លួនឯងដែរ។ ហេតុនេះក្នុងនាមជាអ្នកគ្រប់គ្រងគួរមានការតាំងចិត្តថាៈ
១. ត្រូវធ្វើការធ្ងន់ជាងគ្រប់គ្នា
ការដែលត្រូវធ្វើការធ្ងន់ឡើងឬយ៉ាងហោចណាស់ក៏ធ្ងនប្រហាក់ប្រហែលគ្នាននិងអ្នកដ៏ទៃដែរនោះគឺជាភាពល្អរបស់អ្នកគ្រប់គ្រង។ប្រសិនប្រាសចាកភាពល្អឬការកោតសរសើរគោរពរាប់អានហើយនោះអ្នកពុំអាចធ្វើជាអ្នកដឹកនាំមនុស្សបានឡើយ។
២.បង្ហាញជាគំរូហើយទើបបណ្តោយឲ្យគេធ្វើ
អ្នកគ្រប់គ្រងខ្លះមិនចូលចិត្តបង្រៀនអ្នកដ៏ទៃទេដោយគេភ្លេចគិតថាការមិនបង្រៀនអ្នកដ៏ទៃគេអាចនិងក្លាយជាមនុស្សល្ងង់ម្នាក់បានដែរ។ហេតុនេះពេលដែលអ្នកគ្រប់គ្រងដឹងថាមានវិធីធ្វើឲ្យកាន់តែប្រសើរឡើងក៏បង្ហាត់បង្ហាញដល់កូនចៅហើយក៏ឲ្យអ្នកក្រោមបង្គាបធ្វើដោយខ្លួនឯង។ថ្វីបើការបង្ហាញជាគំរូគឺជាការបង្កឱកាសឲ្យបុគ្គលិកត្រាប់តាមក៏ពិតមែនតែការដកខ្លួនឆ្ងាយពីបុគ្គលិកក៏សំខាន់ណាស់ដែរព្រោះជួយឲ្យអ្នកគ្រប់គ្រងមើលឃើញសមត្ថភាពនិងលទ្ធភាពរបស់បុគ្គលិកម្នាក់ៗបើសិននរណាអាចស្វែងយល់បានគឺជាមនុស្សដែលមានសមត្ថភាព។តែបើសិនពុំយល់ជាមនុស្សដែលពុំមានសមត្ថភាពក្នុងការស្វែងយល់នោះទេ។
៣.កុំចូលទៅពាក់ព័ន្ធ លើកលែងតែអ្នកមើលឃើញថាជាប្រយោជន៍
អ្នកគ្រប់គ្រងត្រូវតែដឹងថាពេលណាខ្លួនគួរតែចូលខ្លួនទៅក្នុងស្ថានការនោះហើយពេលណាខ្លួនមិនគួរចូលខ្លួនទៅពាក់ព័ន្ធអ្វីឡើយដើម្បីរក្សារស្ថានភាពជាអ្នកដឹកនាំរបស់ខ្លួនឲ្យស្ថិតនៅជានិច្ចដូចនេះអ្នកគ្រប់គ្រងគួរសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីឲ្យមានប្រយោជន៍អ្វីខ្លះដល់ស្ថានការណ៍នោះបានឬទេ?តែជួនកាលអាចមិនទទួលបាននូវផលល្អជានិច្ចនោះទេព្រោះពេលខ្លះអ្នកគ្រប់គ្រងក៏គណនាពីគុណតំលៃនៃការចូលទៅពាក់ព័ន្ធរបស់ខ្លួនខុសបានដែរ។ទោះជាយ៉ាងណាក្តីអ្នកគ្រប់គ្រងជៀសវាងពុំបានពីការជឿឲ្យខាងតែបានអ្នកក្រោមបង្គាប់របស់ខ្លួនមុខជារឹងប៉ឹងជាងបើសិនជាខ្លួនមិនចូលទៅពាក់ព័ន្ធក្នុងស្ថានការណ៍ដែលគេកំពុងតែចាត់ការនោះទេ។
Subscribe to:
Posts (Atom)